ការរៀបចំធ្វើឃាដលើរូបខ្ញុំ នាពេលនោះត្រូវបានធ្វើឡើងស្របពេល នៃការប្រជុំសភានីតិកាលទី២ដែលត្រូវប្រជុំនៅព្រះរាជដំណាក់ ទីក្រុងសៀមរាបក្រោមព្រះរាជអធិបតីភាព សម្តេចព្រះ នរោត្តម សីហនុ។ ប្រសិនបើពេលនោះគ្រាប់បេ៤០ទាំង៤គ្រាប់ផ្ទុះព្រមគ្នាទាំងអស់ ឬព្រឹកនោះមិនមានភ្លៀងធំស្ទើរបាក់មេឃ ដែលធ្វើអោយខ្សែភ្លើងបញ្ជារគ្រាប់ទាំងនេះឆ្លងទឹក គឺប្រហែលជីវិតខ្ញុំត្រូវចប់តាំងពីពេលនោះមក។
ប្រសិនបើខ្ញុំស្លាប់នាពេលនោះ តើនឹងមានរឿងអ្វីកើតឡើង ក្រោយពេលខ្ញុំស្លាប់នៅក្នុងក្រុងសៀមរាប?បន្ទាប់មក តើសង្រ្គាមអាចបញ្ចប់បានតាមរយៈនយោបាយ ឈ្នះ-ឈ្នះ ដូចពេល ហ៊ុន សែន នៅរស់ឬទេ?នេះជាចម្លើយដែលត្រូវឆ្លើយសម្រាប់សំណួរទាំងពីរខាងលើនេះ។
អរព្រះគុណទេវតាថែរក្សាអង្គរវត្ត ព្រះអង្គចេក ព្រះអង្គចម និងបារមីវត្ថុស័ក្តិសិទ្ធទាំងអស់ដែលជួយការពារខ្ញុំនាពេលនោះ។ ខ្ញុំជឿច្បាស់ណាស់ថា អ្នកជួយជីវិតខ្ញុំនាពេលនោះគឺតាមផ្លូវងងិត គឺគុណបុណ្យ ទេវតាទាំងភូមិទេវតា រុក្ខទេវតា អាកាសទេវតា បារមីព្រះអង្គចេក ព្រះអង្គចម បារមីដែលតាមថែរក្សាខ្ញុំជាប្រចាំកន្លងមកបានជួយជីវិតខ្ញុំ អោយខ្ញុំរស់បាន២០ឆ្នាំកន្លងមកនេះ ដែលធ្វើអោយខ្ញុំបានដឹកនាំប្រទេសចេញពីសង្រ្គាមមកកាន់សន្តិភាព និងការអភិវឌ្ឍដូចសព្វថ្ងៃ។
ខ្ញុំបានអហោសិកម្មអោយអ្នកដែលចង់សម្លាប់ខ្ញុំ នៅខេត្តសៀមរាបរួចហើយ បើទោះជាខ្ញុំមានពន្លឺក្នុងការស្រាវជ្រាវក៍ដោយ តែអ្នកត្រូវដឹងថាពេលណាខ្ញុំនៅកាន់តំណែង ជានាយករដ្ឋមន្ត្រី ខ្ញុំមិនអោយពួកអ្នកសម្លាប់ខ្ញុំបានទេ មិនអោយពួកអ្នកធ្វើរដ្ឋប្រហារ ឬធ្វើបដិវត្តពណ៍បានទេ។ ទោះដោយតម្លៃណាក៍ដោយខ្ញុំត្រូវការពារសន្តិភាព និងការពារជីវិតប្រជាជនកម្ពុជាអោយខានតែបាន៕